អ្នកនាំពាក្យក្រសួងការពារជាតិអ្នកស្រី ម៉ាលី សុជាតា បានលើកឡើងនៅក្នុងសេចក្ដីប្រកាសព័ត៌មាននៅថ្ងៃទី១៥ ខែកញ្ញាថា ខាងកងទ័ពថៃបានចោទប្រកាន់ទាំងគ្មានមូលដ្ឋាននិងភស្ដុតាងថា កម្ពុជាបានបង្ហោះដ្រូនតាមព្រំដែននិងចូលក្នុងទឹកដីថៃ ដែលការចោទប្រកាន់នេះ ធ្វើឱ្យប៉ះពាល់យ៉ាងខ្លាំងដល់ជំនឿទុកចិត្តរវាងប្រទេសទាំងពីរ។
អ្នកស្រីថា យោធាថៃគួរតែគោរពតាមការឯកភាពគ្នា គឺចៀសវាងការចែកចាយព័ត៌មានមិនពិត ដើម្បីកាត់បន្ថយភាពតានតឹង និងការយល់ឃើញបែបអវិជ្ជមានរបស់សាធារណជន ក្នុងការលើកកម្ពស់បរិយាកាសអំណោយផលសម្រាប់កិច្ចសន្ទនាដោយសន្តិវិធី ដែលជាចំណែកមួយក្នុងការអនុវត្តបទឈប់បាញ់ឱ្យបានពេញលេញ មានប្រសិទ្ធភាព និងការត្រឡប់មកប្រក្រតីភាពឡើងវិញ។
ការបដិសេធរបស់ក្រសួងការពារជាតិកម្ពុជានេះ បានធ្វើឡើងបន្ទាប់ពី យោធភូមភាគទី២របស់ថៃបានលើកឡើងកាលពីថ្ងៃទី១៤ ខែកញ្ញាថា មានដ្រូនជាង៨០ ត្រូវបានរកឃើញហោះនៅលើទឹកដីថៃជិតព្រំដែនកម្ពុជា-ថៃ និងខ្លះបានហោះចូលជ្រៅក្នុងទឹកដីថៃ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។